0
ក្រុងម៉ៃអាមី: ស្ដ្រី​មាន​ផ្ទៃពោះ​ដែល​កើត​អាការ​ចាញ់​កូន​មិនសូវ​ប្រឈម​នឹង​គ្រោះថ្នាក់​រលូត​កូន​ជាង​អ្នក​ដែល​គ្មាន​អាការ​ចាញ់​។ នេះបើ​យោងតាម​ការសិក្សា​បែប​វិទ្យា​សាស្ត្រ​ថ្មី​មួយ​។



ក្រុម​អ្នក​វិទ្យា​សាស្ដ្រ​បាន​រក​ឃើញ​ថា ដំណើរ​ចង់​ក្អួត​ចង្អោរ​មាន​ទំនាក់​ទំនង​ជាមួយ​ការ​កាត់​បន្ថយ​ហានិភ័យ​នៃការ​រលូត​កូន​រហូត​ដល់ ៧៥ ភាគរយ​។ ក្រុម​អ្នក​ជំនាញ បាន​ត្រួត​ពិនិត្យ​ទិន្នន័យ​ស្ដ្រី​ជិត ៨០០ នាក់​ដែល​ធ្លាប់​រលូត​កូនម្ដង ឬ​ពីរដង។


ជា​ទូទៅ ស្ដ្រី​មាន​ផ្ទៃពោះ​ជិត​មួយ​ភាគ​បីបាន​ជួប​បទពិសោធ​រលូត​កូន​ ដែល​ភាគ​ច្រើន​តែងតែ​កើត​ឡើង​នៅ​ចន្លោះ​គភ៌​ ៧ សប្ដាហ៍​។ ស្ដ្រីក្នុង​ការ​សិក្សា​នេះមាន​អាយុ​មធ្យម​ជិត ២៩ ឆ្នាំ​។ ក្នុង​ចំណោម​ស្ត្រី​ទាំង​អស់ ស្ត្រី​វ័យ​ចាប់ពី ២៥ ឆ្នាំចុះ​ក្រោម​ច្រើន​មាន​អាការៈ​ធីង​ធោង។

នៅក្នុង​ព្រឹត្តិបត្រ​ JAMA Internal Medicine ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​និយាយ​ថា៖ «ការ​សិក្សា​របស់​យើង​បញ្ជាក់​បន្ថែម​ពីលើ​ការ​ស្រាវជ្រាវ​អំពី​ដំណើរ​ចង់ក្អួត​ចង្អោរ និង​ការក្អួត​ចង្អោរ​អាចជា​សញ្ញា​លើស​ពីការ​រក្សា​គភ៌​ក្នុង​ផ្ទៃ ថែមទាំង​ពាក់ព័ន្ធ​នឹងការ​កាត់​បន្ថយ​នៃ​ហានិភ័យ​លើ​បញ្ហា​រលូត​កូន​ផងដែរ»។

ការក្អួត​ចង្អោរ​គឺជា​រោគ​សញ្ញា​ធម្មតា​ ទាំង​នៅ​អំឡុង​ពេល​សប្ដាហ៍​ដំបូង​នៃការ​ពពោះ​។ ក្រុមអ្នក​ស្រាវ​ជ្រាវ​បាន​និយាយ​ថា អាការ​ចាញ់​កូន ធីងធោង​ក្អួត​ចង្អោរ​នេះ​មិនបាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​លើ​ជីវិត​រស់នៅ​ឡើយ​។

ថ្វីដ្បិត​តែ​អាការការ​ក្អួត​ចង្អោរ​ និង​ធីងធោង​បែប​ចាញ់​កូន​គឺជា​សញ្ញាណ​ល្អ អាច​បង្ហាញ​ពីការ​ពពោះមិន​មាន​បញ្ហា​យ៉ាង​ណាក៏​ដោយ ក៏​កន្លងមក​មិនទាន់​មាន​ការ​សិក្សា​ណា​មាន​ភ័ស្ដុតាង​ទូលំ​ទូលាយ​គាំទ្រ​ទស្សនៈ​នេះ​នៅ​ឡើយ​ទេ៕

Post a Comment

 
Top