0
នៅក្នុងបន្ទប់ទទួលភ្ញៀវ អ្នកម្តាយដើរចូលទៅរកកូនដោយទឹកមុខញញឹម តែពេលឃើញកូនប្រុសធ្វើមុខស្លេកស្លាំងជាមួយនឹងគំនរសៀវភៅមេរៀន និងសៀវភៅកិច្ចការផ្ទះមុខវិជ្ជាគណិតវិទ្យានោះ អ្នកម្តាយក៏ហាក់ដូចជានឹកសង្ស័យ ក៏អើតមុខចូលទៅជិតហើយឆ្លៀតឱកាសបើកសៀវភៅកិច្ចការផ្ទះរបស់កូនមើលភ្លាម។ ក្នុងនោះអ្នកម្តាយឃើញមានសុទ្ធតែសញ្ញាខ្វែងដោយប៊ិចក្រហមដែលជាសញ្ញាបញ្ជាក់ថា ខុស ពីអ្នកគ្រូពេញក្នុងសៀវភៅទាំងអស់ រួចហើយអ្នកម្តាយក៏កើតអាការទប់លែងជាប់ បញ្ចេញអារម្មណ៍ក្រេវក្រោធឡើងភ្លាមតែម្តង…។


សាកល្បងតាមដានមើលជាបន្តទៅមើល៍ថា បើជួបនឹងហេតុការណ៍បែបនេះ តើអ្នកម្តាយនឹងប្រើពាក្យសម្តីជាមួយកូនថាយ៉ាងណាខ្លះ?
– កិច្ចការផ្ទះងាយៗប៉ុណ្ណឹងក៏ធ្វើខុសដែរ ធំឡើងធ្វើស្អីកើតទៅ!
– ម៉ាក់បង្រៀនលេខប៉ុន្មានដងហើយ ហេតុអីបានមិនចេះចាំសោះអ៊ីចឹង គ្មានឃើញពិបាកអីត្រង់ណាសោះ!
– ម៉ាក់ប្រាប់ហើយថា កុំឱ្យធ្វើបែបហ្នឹង កុំឱ្យគិតបែបហ្នឹង ថ្ងៃក្រោយហាមធ្វើខុសទៀតដាច់ខាត យល់ទេ?!
– ហ៊ឺ ធ្វើខុសទៀតហើយ ឃើញទេ? ហេតុអីបានជាខួរក្បាលដូចអាចម៍រណាម្ល៉េះហ្ន៎ កូនមួយនេះ?!
– ប្រាប់ប៉ុន្មានដងហើយថា កុំឱ្យគិតលេខបែបហ្នឹង កូនឯងក៏នៅតែធ្វើខុសដដែលៗអ៊ីចឹងរហូត ធុញទ្រាន់មែនទែន!

ហេតុការណ៍ដូចគ្នានេះ នៅក្នុងបន្ទប់ទទួលភ្ញៀវ ឬនៅក្នុងកន្លែងណាមួយក្នុងផ្ទះ ដែលកូនតែងតែអង្គុយធ្វើកិច្ចការផ្ទះជាប្រចាំ អ្នកម្តាយដើរចូលទៅរកកូនប្រុសដោយទឹកមុខញញឹមញញែមដូចគ្នា តែពេលឃើញកូនធ្វើមុខស្លេកស្លាំង អ្នកម្តាយក៏បើកសៀវភៅកិច្ចការផ្ទះគណិតវិទ្យា ដោយសុំអនុញ្ញាតកូនជាមុនសិនមុននឹងបើក។ ពេលអ្នកម្តាយឃើញមានសុទ្ធតែសញ្ញាខុសពេញនោះទាំងអស់ អ្នកម្តាយក៏ភ្ញាក់ផ្អើលដូចគ្នាដែរ តែអ្នកម្តាយទប់អារម្មណ៍បាន រម្ងាប់អារម្មណ៍ក្រេវក្រោធក្តៅក្រហាយទុកសិន ហើយនិយាយទៅកាន់កូនដោយអារម្មណ៍ត្រជាក់ស្ងប់ភ្លាមថា៖

– ធ្វើលេខខុសហើយ ធ្វើឡើងវិញបានតើ! សាកល្បងគិតមើលឱ្យច្បាស់ៗបន្តិចទៅណា៎ កូន!
– ញញឹមបន្តិចមើល៍កូន ម៉ស់ យើងមកសាកល្បងគិតលេខមួយដងទៀតល្អដែរទេ? ម៉ាក់ជឿថា កូនធ្វើបានណា៎
– ម៉ាក់ចង់ឃើញកូនចិត្តត្រជាក់ៗ តាំងសមាធិឱ្យល្អ ហើយសឹមធ្វើឡើងវិញ ម្តងមួយចំណុចៗ ណា៎កូន
– មិនអីទេកូន ឯណា ប្រាប់ម៉ាក់បានទេថាកូនមិនយល់ត្រង់ណាខ្លះ?
– ខំព្យាយាមអានចំណោទឱ្យយល់បន្តិចទៀត កូនច្បាស់ជាធ្វើបាន ជឿម៉ាក់ចុះ!

«តាមរយៈហេតុការណ៍របស់អ្នកម្តាយទាំងពីរនេះ សូមសាកល្បងប្រៀបធៀបគ្នាទៅមើល៍ និងអាចប្រាប់បានទេ…ថាតើក្មេងៗគ្រប់គ្នាចង់ស្តាប់ប្រយោគពាក្យសម្តីបែបណាខ្លាំងជាងគេ?។ ហាស ហាស ហា ជឿថា អ្នកម្តាយជាច្រើននាក់ប្រហែលជាជ្រើសរើសយកហេតុការណ៍ទី 2 ដែលជាប្រយោគការនិយាយគួរឱ្យចង់ស្តាប់ជាងមិនខាន។ កុមារនឹងក្លាយមនុស្សដែលជួបនឹងភាពបរាជ័យ ឬជួបនឹងភាពជោគជ័យនៅពេលធំឡើងឬក៏មិនទេនោះ អាស្រ័យលើពាក្យសម្តីដែលកម្លាំងចិត្តរបស់ឪពុកម្តាយ ព្រោះពាក្យសម្តីរបស់ឪពុកម្តាយ ឬមនុស្សដែលកុមារស្រឡាញ់នឹងត្រូវជ្រួតជ្រាបចូលទៅក្នុងសតិសម្បជញ្ញៈ ដែលនឹងចាក់ឬសយ៉ាងជ្រៅប្រភេទធ្វើឱ្យកុមារធំធាត់ឡើងក្លាយជាមនុស្សល្អ មនុស្សមិនល្អ មនុស្សពូកែ មនុស្សមិនពូកែ មនុស្សដែលទទួលបានជោគជ័យ មនុស្សដែលមិនទទួលបាជោគជ័យបាន ដូច្នេះមនុស្សដែលជាឪពុកម្តាយគួរតែនាំគ្នាងាកមកប្រយ័ត្នប្រយែងពាក្យសម្តីឱ្យបានល្អឡើងហើយ»៕

Post a Comment

 
Top