0
តើកូនរបស់អ្នកស្គមពេកឬទេ? ទាំងបានទទួលអាហារបន្ថែម និងទឹកដោះគោយ៉ាងពេញទំហឹង និងពេញទៅដោយគុណភាពហើយនោះ។ ឪពុកម្តាយជាច្រើននាក់សុទ្ធតែចង់កូនមានទម្ងន់ខ្លួនល្អ គួរឱ្យស្រឡាញ់ ម៉ាប់ៗ និងស្ថិតនៅក្នុងកម្រិតដែលស័ក្តិសមហើយមិនធាត់ជ្រុលពេក។ តើធ្វើយ៉ាងណាឱ្យទម្ងន់ខ្លួនកូនល្អឡើង? តើអាហារដែលគួរឱ្យញ៉ាំមានអ្វីខ្លះ? ដូច្នេះថ្ងៃនេះ ហាស ហា ហា មានអាហារ 10 យ៉ាង ដែលចង់ណែនាំអ្នកម្តាយ ដើម្បីឱ្យកូនជាទីស្រឡាញ់ទាំងអស់មានទម្ងន់ខ្លួនកើនឡើងក្នុងកម្រិតស័ក្តិសមនឹងវ័យរបស់គេមកជម្រាបជូន។



ប៊័រទឹកដោះគោ៖ កុំទៅគិតថាអាហារមួយនេះគ្មានប្រយោជន៍ ឬមិនល្អឱ្យសោះ អ្នកម្តាយអាចប្រើប៊័រមកធ្វើនំ ឬអាហារឱ្យកូនញ៉ាំបានរាល់ថ្ងៃ តែត្រូវទិញនៅក្នុងផ្សារដែលជឿទុកចិត្តបាន និងជាប៊័រដែលមានម៉ាកល្បី និងមានគុណភាពល្អ។

ប៊័រសណ្តែក៖ អ្នកម្តាយអាចរកទិញប៊័រធ្វើពីសណ្តែកមកធ្វើជានំស៊ែនវិចឆ៍ឱ្យកូនញ៉ាំបានរាល់ថ្ងៃ ជាប៊័រធ្វើពីសណ្តែកដី ឬប៊័រធ្វើពីសណ្តែកអាល់ម៉ុនក៏បាន ព្រោះប៊័រសណ្តែកជាអាហារដែលមានជាតិខ្លាញ់មិនបង្កកខ្លួន និងមានប្រូតេអ៊ីនខ្ពស់ទៀតផង។

ទឹកដោះ៖ មានសារធាតុអាហារទាំង កាល់ស្យូម និងខាបូហាយដ្រេត កូនគួរបានញ៉ាំយ៉ាងតិចក្នុងមួយថ្ងៃ 2 កែវ បើកូនធុញ ឬទ្រលាន់ មិនចង់ញ៉ាំរាល់ថ្ងៃនោះ អ្នកម្តាយអាចថែមផ្លែឈើចូលជាមួយដើម្បីបង្កើនភាពឈ្ងុយឆ្ងាញ់ក៏បាន។

ស៊ុត៖ ជាអាហារដែលផ្តល់នូវប្រូតេអុីនខ្ពស់ មានវីតាមីន A វីតាមីន B12 ដែលជាអាហារចាំបាច់សម្រាប់ការចម្រើនធំធាត់របស់រាងកាយ។ ក្មេងៗគួរបានញ៉ាំស៊ុតក្នុង 1 ថ្ងៃយ៉ាងតិច 1 គ្រាប់។

ផ្លែចេក ៖ ជាប្រភពអាហារដែលល្អសម្រាប់ក្មេងៗ ព្រោះផ្តល់នូវកម្លាំងថាមពលខ្ពស់ និងមានខាបូហាយដ្រេត និងជាតិខ្លាញ់ ដែលមានភាពចាំបាច់ជាមួយរាងកាយរបស់ក្មេងៗវ័យកំពុងចម្រើនធំធាត់។

ផ្លែប៊័រ(អាវ៉ូខាដូ)៖ ជាផ្លែឈើដែលក្មេងៗគ្រប់គ្នាគួរបានញ៉ាំ ព្រោះមានជាតិខ្លាញ់ជួយបំប៉នប្រព័ន្ធប្រសាទ និងខួរក្បាលរបស់ក្មេងគ្រប់វ័យ និងនៅបានជួយក្នុងរឿងការចម្រើនធំធាត់របស់ក្មេងៗទៀតផង។

សាច់មាន់៖ មានប្រូតេអុីនខ្ពស់ជួយក្នុងរឿងការសាងសាច់ដុំ សាច់មាន់ជាអាហារដែលរកញ៉ាំបានយ៉ាងងាយ តម្លៃមិនថ្លៃសាច់ទន់ អាចធ្វើជាមុខម្ហូបបានច្រើនយ៉ាង។

មើមដំឡូងបារាំង៖ បើញ៉ាំដំឡូងបារាំងរាល់ថ្ងៃធានាថា កូនជាទីស្រឡាញ់របស់អ្នកនឹងមានទម្ងន់កើនឡើងយ៉ាងពិតប្រាកដ ព្រោះដំឡូងបារាំងមានខាបូហាយដ្រេតខ្ពស់ ក្មេងៗនឹងបានទទួលកម្លាំងថាមពលយ៉ាងពេញទំហឹងប្រាកដណាស់។

សាច់សត្វ៖ ចាំបាច់ណាស់ជាមួយកុមារដែលស្ថិតក្នុងវ័យកំពុងចម្រើនធំធាត់ ព្រោះសាច់សត្វមានប្រូតេអុីនស័ក្តិសមសម្រាប់ក្មេងគ្រប់វ័យ។

បន្លែ ផ្លែឈើ៖ ការញ៉ាំបន្លែ និងផ្លែឈើនឹងធ្វើឱ្យក្មេងៗញ៉ាំអាហារបានច្រើនឡើង ព្រោះប្រព័ន្ធរំលាយអាហារនឹងធ្វើការបានល្អ និងអាចញ៉ាំអាហារបានជារឿយៗ ក្រៅពីនេះ ក្មេងៗនៅបានទទួលវីតាមីន និងសារធាតុរ៉ែដែលចាំបាច់សម្រាប់រាងកាយ និងថែមទាំងអាចញ៉ាំបានរាល់ថ្ងៃទៀតផង។

ចំណុចគួរចងចាំសម្រាប់លោកឪពុកអ្នកម្តាយនោះ គឺការញ៉ាំតែអាហារអាចនឹងធ្វើឱ្យកូនឡើងទម្ងន់តែម្យ៉ាងប៉ុណ្ណោះ តែមិនរឹងមាំឡើយ ដូច្នេះក្មេងៗគួរបានញ៉ាំអាហារ ដែលស័ក្តិសមព្រមជាមួយការហាត់ប្រាណយ៉ាងត្រឹមត្រូវទៅតាមវ័យផង៕

Post a Comment

 
Top