0
ហេតុផល 5 យ៉ាង ដែលមិនគួរប្រៀបធៀបពិធីមង្គលការរបស់ខ្លួនឯងជាមួយអ្នកដទៃ





ការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃមិនបង្កឱ្យកើតផលល្អអ្វីឡើយ មិនថាតែរឿងឋានៈ តួនាទីការងារ ការរៀនសូត្រ ឬសូម្បីរឿងរបស់ស្នេហា រាលទៅដល់ការរៀបចំពិធីមង្គលការដែលមិនគួរប្រៀបធៀបជាមួយអ្នកដទៃជាដាច់ខាត ហើយថ្ងៃនេះយើងមាន 5 ហេតុផលដែលអ្នកមិនគួរប្រៀបធៀបរឿងពិធីមង្គលការជាមួយអ្នកដទៃមកជម្រាបជូន។

ភាពពិសេសរបស់ពិធីមួយៗខុសប្លែកពីគ្នា៖ ទោះជាអ្នកចង់រៀបចំពិធីមង្គលការនៅមាត់សមុទ្រផ្ទាល់ខ្លួនដូចមិត្តភ័ក្តិដែលមានឋានៈខ្ពង់ខ្ពស់ក៏ដោយ តែបើសិនសម្លឹងមើលលុយក្នុងកាបូបហើយប្រហែលជាត្រូវខកចិត្តនោះ ក៏មិនគួរមានអារម្មណ៍មិនល្អជាមួយខ្លួនឯងឡើយ តែគួរងាកមកពេញចិត្តនឹងអ្វីដែលខ្លួនឯងមានវិញប្រសើរជាង។ ទោះជាមិនបានរៀបចំពិធីមង្គលការដូចដែលបាននឹកសង្ឃឹមមែន តែចូរចាំទុកថា ភាពពិសេសវាមិនបានស្ថិតនៅលើទីកន្លែងនោះទេ តែវាស្ថិតនៅលើសេចក្តីស្នេហាដ៏កក់ក្តៅរបស់កូនកំលោះ កូនក្រមុំ និងអ្នកមកចូលរួមពិធីទៅវិញទេ។

វត្ថុអនុស្សាវរីយ៍មិនមែនជាការធានាថាពិធីមង្គលការរបស់អ្នកណាល្អជាងអ្នកណាឡើយ៖ សូម្បីរឿងតូចតាចដូចជាវត្ថុអនុស្សាវរីយ៍ក៏ដោយ ក៏មិនគួរទៅយករបស់អ្នកដទៃមកប្រៀបធៀបជាមួយរបស់ខ្លួនឯងដែរ ដូចជា មិត្តភ័ក្តិរបស់អ្នកអាចនឹងមានថ្វីដៃក្នុងការធ្វើនំខាប់ខេក ឬវត្ថុអនុស្សាវរីយ៍ដ៏ពិសេសសម្រាប់ចែកភ្ញៀវ តែអ្នកគ្មានទេពកោសល្យលើផ្នែកនេះសោះនោះ ក៏មិនចាំបាច់ទៅតូចចិត្តតូចថ្លើមអីដែរ ចូរចាំថា វត្ថុអនុស្សាវរីយ៍គឺកាដូតូចមួយជំនួសឱ្យពាក្យអរគុណ និងវាមិនមែនជាអ្នកសម្រេចថា ពិធីរៀបការរបស់អ្នកណាល្អជាងអ្នកណាឡើយ។

ដើមទុនក្នុងរៀបចំពិធីមិនបានបញ្ជាក់ថា ពិធីនោះឥតខ្ចោះនោះទេ៖ អ្នកអាចនឹងមានអារម្មណ៍តូចចិត្តចំពោះជោគវាសនាដែលមិនអាចរៀបចំពិធីមង្គលការនៅក្នុងសណ្ឋាគារទំនើបដែលមានស្រាឆ្ងាញ់ៗមកបំរើភ្ញៀវសំខាន់ៗរបស់អ្នកបាន តែកុំភ្លេចថា លុយមិនអាចជប់និម្មិតភាពឥតខ្ចោះបាននោះទេ វាស្ថិតនៅលើភាពស្មោះស្ម័គ្រ និងយកចិត្តទុកដាក់ថែទាំភ្ញៀវទៅវិញទេដែលជារឿងសំខាន់របស់ពិធីនោះ។ ជួនកាលការរៀបចំពិធីតូចមួយ អាចធ្វើឱ្យអ្នកចូលដល់ និងជជែកលេងរាក់ទាក់ជាមួយភ្ញៀវគ្រប់គ្នា ធ្វើឱ្យបរិយាកាសពោពេញទៅដោយមិត្តភាពខ្លាំងជាងពិធីមង្គលការបែបធំៗទៅទៀត។

យល់ពីគោលបំណងរបស់ការរៀបការ៖ ហេតុផលសំខាន់មួយទៀត គឺ លោកអ្នកគួរយល់ពីគោលបំណងចម្បងរបស់ការរៀបចំពិធីមង្គលការដើម្បីមិនបាច់យកទៅប្រៀបធៀបជាមួយអ្នកណា ព្រោះពិធីមង្គលការមិនមែនជាពិធីបង្ហាញពីឋានៈថា កូនកំលោះរបស់អ្នកមានទ្រព្យសម្បត្តិច្រើនប៉ុនណានោះទេ តែជាការរៀបចំឡើងដើម្បីផ្តល់កិត្តិយសដល់ក្រុមគ្រួសារគ្នាទៅវិញទៅមក រួមទាំងភ្ញៀវសំខាន់ៗដែលស្រឡាញ់អ្នកពិតៗដែលមកចូលរួមធ្វើជាសាក្សីនៅក្នុងថ្ងៃសំខាន់បែបនេះទៅវិញទេ។

ការប្រៀបធៀបនឹងធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អ៖ ចំណុចចុងក្រោយនេះ គឺ មិនថាជាយ៉ាងណាក៏ដោយ ការប្រៀបធៀបនឹងធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អ ព្រោះអ្នកមានអារម្មណ៍ថា ខ្លួនឯងកំពុងរៀបចំពិធីមង្គលការដើម្បីប្រកួតប្រជែងជាមួយអ្នកដទៃ មិនមែនរៀបចំដើម្បីសេចក្តីសុខនោះទេ ដូច្នេះមិនថាអ្នកមានឋានៈយ៉ាងណា ឬមានភ្ញៀវមកចូលរួមពិធីច្រើនប៉ុនណាក៏ដោយ ក៏មិនសំខានស្មើនឹងសេចក្តីស្នេហា និងក្តីស្មោះស្ម័គ្ររបស់កូនកំលោះកូនក្រមុំ និងអ្នកមករួមពិធីដែរ។

ដឹងបែបនេះហើយ អ្នកណាដែលចូលចិត្តប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ មិនថាតែរឿងអ្វីក៏ដោយនោះ គួរតែបញ្ឈប់ហើយ ព្រោះនឹងធ្វើឱ្យអ្នកមិនពេញចិត្តនឹងអ្វីដែលខ្លួនមាន ហើយអ្នកក៏នឹងគ្មានសេចក្តីសុខអស់មួយជីវិត ដូច្នេះ ជំនួសឱ្យការសម្លឹងរកមើលអ្វីដែលខ្លួនខ្វះនោះ ចូរងាកមកសម្លឹងមើលពីអ្វីដែលខ្លួនឯងមានវិញប្រសើរជាង៕

Post a Comment

 
Top