0
ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍មកថា បានកំហិតល្បឿនអីុនធើណែត របស់ iPhone 7 ដែលប្រើប្រាស់ ម៉ូឌឹម របស់ ក្រុមហ៊ុន Qualcomm ដើម្បីឱ្យវាមាន ល្បឿនប្រដំប្រសង នឹង iPhone 7 ដែលប្រើប្រាស់ ឈីបម៉ូឌឹមរបស់ Intel… នេះបើតាម ប្រភពពី Re/Code។ គួររំលឹកថា ក្រុមហ៊ុន Apple បានប្រើប្រាស់ ឈីបម៉ូឌឹម 4G LTE របស់ ក្រុមហ៊ុនពីរផ្សេងគ្នា នៅលើ iPhone 7 គឺ Qualcomm MDM9645M និង Intel XMM7360។




ប្រភព បានបន្តឱ្យដឹងទៀតថា ថ្វីបើមានការកំហិតល្បឿនដោនឡូដ របស់ Qualcomm ប៉ុន្តែ បើតាមការតេស្ត បានរកឃើញថា ល្បឿនដោនឡូដអីុនធើណែត ដោយប្រើឈីប Qualcomm គឺនៅតែលឿនជាង ឈីប Intel ដល់ទៅ 30%។

ដោយឡែក សារព័ត៌មាន Bloomberg វិញ បានធ្វើការតេស្តល្បឿនរវាងម៉ូដែលទាំងពីរ ហើយរកឃើញលទ្ធផលដូចគ្នា ប៉ុន្តែ សារព័ត៌មាននេះ យល់ថា ឈីបម៉ូឌឹមរបស់ Qualcomm អាចដោនឡូដ បានលឿនជាងនេះ ដោយហេតុថា Samsung Galaxy S7 ដែលប្រើឈីបម៉ូឌឹម Qualcomm នេះ ដូចគ្នា មានល្បឿនដោនឡូដ លឿនជាង iPhone 7 ដល់ទៅ 2 ដង។

ប្រភពបានបន្តថា ការកំហិតនេះ មានហេតុផលសាមញ្ញមួយ គឺ ដើម្បីកាត់បន្ថយថ្លៃដើមឈីប និងការពឹងពាក់ទៅលើ អ្នកផ្គត់ផ្គង់តែម្នាក់។ ការដែល Apple ប្រើប្រាស់ អ្នកផ្គត់ផ្គង់ឈីប 2 ក្រុមហ៊ុន នឹងធ្វើឱ្យ ក្រុមហ៊ុននេះ មានឥទ្ធិពលលើការតថ្លៃ និងកាត់បន្ថយគ្រោះថ្នាក់នៃការខ្វះខាតស្តុក។

រីឯ Apple វិញ គ្រាន់តែឆ្លើយតប ដោយខ្លីថា៖ “រាល់ iPhone 7/7 Plus សុទ្ធតែឆ្លងកាត់ ស្តង់ដារល្បឿនអីុនធើណែតមួយជាក់លាក់ ហើយ ក្រោយការតេស្ត រាប់សិបពាន់ម៉ោង បានបង្ហាញថា វាមិនមានភាពខុសគ្នា នៃល្បឿនដោនឡូដ រវាងម៉ូដែលណាមួយ នោះទេ“។

ដើម្បីឆែកមើល ថាតើ iPhone 7 របស់អ្នក ប្រើម៉ូឌឹមមួយណា សូមចូលទៅកាន់ General > About > Legal > Regulatory ហើយមើលលេខ ក្រោយពាក្យ Model។ បើ លេខ A1778 ឬ A1784 គឺរបស់ Intel តែបើលេខ A1660 ឬ A1661 គឺរបស់ Qualcomm៕
ប្រភព: ReCode

Post a Comment

 
Top