អង្គការអវកាសរបស់សហរដ្ឋអាមេរិកបាននិយាយ នៅថ្ងៃព្រហសត្បិ៍នេះថា យានអវកាសស្រាវជ្រាវក្នុងគម្រោង Kepler របស់ខ្លួនបានចាប់យករូបភាពភពមួយ ដែលជាបងប្អូននឹងភពផែនដី ពោលគឺវាធំជាងផែនដីបន្តិច។ នេះគឺជាលើកទីមួយហើយ ដែលក្រុមអ្នកស្រាវជ្រាវអវកាសអាមេរិកបានរកឃើញភព ដែលមានរាងស្រដៀងនឹងភពផែនដីក្នុងតំបន់លំហអាកាសដ៏ធំ។
បើទោះបីជាពេលនេះ NASA មិនទាន់បានរកឃើញឲ្យពិតប្រាកដថាភពថ្មីមួយនេះ មានទឹក និងខ្យល់ដូចផែនដីរបស់យើងដែរ ឬយ៉ាង តែគេអាចប្រៀបធៀបថាវាស្រដៀងគ្នានឹងភពយើង។ ក្រុមអ្នកស្រាវជ្រាវក្នុងគម្រោង Kepler លោក Jon Jenkins បាននិយាយថា ភពផែនដីរបស់យើង គឺជាភពតូចមួយនៅតែឯងក្នុងពេលបច្ចុប្បន្ននេះ។
សូមបញ្ជាក់ថា ភពដែលរកឃើញថ្មី ឬ Kepler-452B គឺមានរយៈចម្ងាយប្រមាណ១,៤០០នៃល្បឿនពន្លឺ(light-years) ពីភពផែនដី ហើយវាមានទំហំប្រមាណ៦០ភាគរយធំជាងភពផែនដី។ នេះបើតាមការបញ្ជាក់របស់អង្គរការណាសា។ តំបន់ដែលភពថ្មីស្រដៀងនឹងភពផែនដីនេះ គឺជាទីតាំងអាចមានទឹក និងជីវិតរស់នៅទីនោះ។ អ្នកដែលនៅទីនោះអាចមានទំនាញធំជាងផែនដីពីរដង ហើយថ្មដែលស្ថិតក្នុងភពនោះគឺរឹងជាងនៅភពផែនដី។
លោក Jenkins បានបញ្ជាក់ថា ផ្កាយ ដែលជាព្រះអាទិត្យរបស់ភពនេះ មានចម្ងាយឆ្ងាយជាងបើប្រៀបធៀប ចម្ងាយរបស់ភពផែនដី ទៅកាន់ព្រះអាទិត្យ។ ដូច្នេះភពថ្មីនោះ គឺទទួលបានថាមពលពីផ្កាយរបស់ខ្លួន ប្រហាក់ប្រហែលនឹងភពផែនដីទទួលពន្លឺពីព្រះអាទិត្យដែរ ហើយមិនត្រឹមតែប៉ុណ្ណោះពន្លឺរបស់ព្រះអាទិត្យទីនោះគឺមានដូចនឹងភពផែនដី។
នៅលើភពថ្មីនេះគឺមានរយៈ៣៨៥ថ្ងៃ ក្នុងមួយឆ្នាំ ឬមានន័យថាវាត្រូវប្រើរយៈពេល៣៨៥ថ្ងៃ ដើម្បីវិលជុំវិញព្រះអាទិត្យរបស់វា។ ដូច្នេះវាមិនសូវជាខុសគ្នាប៉ុន្មានពីភពផែនដីនោះទេ ព្រោះផែនដីត្រូវការប្រើរយៈពេលប្រមាណ៣៦៥ថ្ងៃ ដើម្បីវិលជុំវិញព្រះអាទិត្យ៕


Post a Comment