ក្រុមអ្នកស្រាវជ្រាវនៅ MIT បានបង្កើតកាមេរ៉ាពិសេសដែលប្រើប្រាស់រលកវិទ្យុសកម្មតេរ៉ាអ៊ែកសម្រាប់មើលអត្ថបទនៅក្នុងសៀវភៅដោយមិនចាំបាច់បើកសៀវភៅមើល ដើម្បីបំពេញតម្រូវការរបស់អ្នកធ្វើការផ្នែកស៊ើបអង្កេតនិងអ្នកសិក្សាឯកសារប្រវត្តិសាស្ត្រ។
គួរបញ្ជាក់ដែរថារលកវិទ្យុសកម្មតេរ៉ាអែកមានកម្រិតស្ថិតនៅចន្លោះរលកចេញពីម៉ាយក្រូវេវ និង រលកអ៊ីនហ្វ្រា។ អ្នកស្រាវជ្រាវបានជ្រើសរើសយករលកតេរ៉ាអ៊ែកនេះដោយសារតែវាអាចបែងចែកភាពខុសគ្នារវាងទឹកប៊ិច និង ក្រដាស។
អ្នកប្រហែលជាឆ្ងល់ថាហេតុអ្វីបានជាវាមានភាពអស្ចារ្យបែបនេះ។ កាមេរ៉ាបញ្ចេញរលកវិទ្យុសកម្មតេរ៉ាអ៊ែកទៅកាន់គំរបសៀវភៅ ហើយវាបានបញ្ជូនរលកមកកាន់កាមេរ៉ាវិញ ដោយនាំមកនូវព័ត៌មានមាននៅក្នុងសៀវភៅ។ វាក៏អាចប្រែប្រួលអាស្រ័យទៅលើចំងាយពីកាមេរ៉ាទៅផ្ទៃសៀវភៅដែរ។
នាពេលនេះ កាមេរ៉ាពិសេសខាងលើអាចមើលធ្លុះក្រដាស់សៀវភៅ២០សន្លឹក តែវាអាចបង្ហាញអត្ថបទនៅក្នុងសន្លឹកសៀវភៅនីមួយៗបានត្រឹមសន្លឹកទី៩។ វាអាចធ្វើបែបនេះបានលុះត្រាតែក្រដាស់សៀវភៅមានភាពថ្លាក្នុងកម្រិតណាមួយ។ អ្នកស្រាវជ្រាវយល់ថាកាមេរ៉ាដ៏អស្ចារ្យនេះអាចជាឧបករណ៍មួយយ៉ាងសំខាន់សម្រាប់ការរិះរកមើលឯកសារបុរាណដោយមិនចាំបាច់ប៉ះឬបើក ព្រោះថាវាអាចធ្វើឲ្យឯកសារទាំងនោះខូចខាតឬរហែក៕

Post a Comment