0
ទឹកជំនន់ស្ទឹងព្រែកត្នោតយាយីតំបន់ខាងត្បូងទីក្រុងភ្នំពេញ



អាជ្ញាធរទីក្រុងភ្នំពេញ បានប្រកាសបិទចរាចរទាំងស្រុងលើកំណាត់ផ្លូវលេខ២១៧ ចន្លោះស្ពានព្រែកជ្រៃ និងរង្វង់មូលដីក្រហម ដោយសារទឹកជំនន់ពីដងស្ទឹងព្រែកត្នោតនៅតែបន្តហូរគំហុកទៅកាន់តំបន់នោះ។

ទឹកជំនន់ស្ទឹងព្រែកត្នោតបានហស់ឡើងហួសកម្ពស់ប្រកាសអាសន្ន ហើយបណ្តាលឲ្យហូរចូលខណ្ឌដង្កោ ដោយបណ្តាលឲ្យផ្ទះ និងស្រែចម្ការរបស់ប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកកំពឹស សង្កាត់ស្ពានថ្ម សង្កាត់ទៀន សង្កាត់គង់ណយ និងសង្កាត់រលួស ត្រូវជន់លិច ហើយប្រជាពលរដ្ឋជិត២០០គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។

         ទឹកជំនន់នេះ បានហូរកាត់ផ្លូវបេតុងលេខ២១៧ ចន្លោះស្ពានព្រែកជ្រៃ និងរង្វង់មូលដីក្រហម ដែលបណ្តាលឲ្យរថយន្តគ្រប់ប្រភេទមិនអាចធ្វើចរាចរបាន។
         សាលារាជធានីភ្នំពេញ បានប្រកាសប្រាប់ឲ្យប្រជាពលរដ្ឋធ្វើចរាចតាមមហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឬ ផ្លូវ៦០ម៉ែត្រ និងផ្លូវឆ្លងកាត់តាមស្ពានព្រែកថ្លឹង ដើម្បីសុវត្ថិភាព ហើយដើម្បីធានាសុវត្ថិភាព និងមិនបង្កការប៉ះពាល់ដល់តួទំនប់ព្រែកត្នោត ការធ្វើចរាចរលើផ្លូវទំនប់សងខាងស្ទឹង ចាប់ពីផ្លូវជាតិលេខ៣ ដល់ផ្លូវជាតិលេខ២ ក៏ត្រូវហាមឃាត់ដែរ។

         សេចក្តីប្រកាសព័ត៌មាន បានបន្ថែមថារដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចកាយផ្តាច់ទំនប់ប្រឡាយតាហោ ដែលទទួលទឹកបង្ហូរ ឆ្ពោះទៅទន្លេបាសាក់ ដើម្បីសង្គ្រោះទឹកជំនន់លិចសង្កាត់ព្រែកកំពឹស សង្កាត់ស្ពានថ្ម សង្កាត់ទៀន និងសង្កាត់គង់ណយ។

         អាជ្ញាធរបានបញ្ជាក់ថាស្ថានភាពទឹកហូរខ្លាំង បានធ្វើឲ្យផ្ទះប្រជាពលរដ្ឋទាំងនោះ កំពុងរងការប៉ះពាល់ខ្លាំង ដែលតម្រូវឲ្យមានការទំនុកបម្រុងសម្ភារៈចាំបាច់មួយចំនួនជាបន្ទាន់។

         ក្រសួងធនធានទឹក និងឧត្តុនិយម បានប្រកាសថាទឹកជំនន់ស្ទឹងព្រែកត្នោត អាចបន្តគម្រាមកំហែងភូមិដ្ឋាន និងដំណាំរបស់អ្នកស្រុក ដែលរស់នៅតាមបណ្តោយស្ទឹង។ តំបន់ដែលរងការគម្រាមកំហែង មានភូមិសាស្ត្រមួយចំនួននៃខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងរាជធានីភ្នំពេញ។

Post a Comment

 
Top