0
កម្ពុជា-អាមេរិករួមគ្នាទប់ស្កាត់ការនាំវត្ថុបុរាណកម្ពុជាខុសច្បាប់ចូលទៅសហរដ្ឋអាមេរិក



ប្រទេសកម្ពុជា និងអាមេរិកបានយល់ព្រមបង្កើតសៀវភៅមគ្គុទេសរូបថតដ៍មានសារសំខាន់ចាំបាច់បំផុតមួយ ដើម្បីទប់ស្កាត់ការលួចនាំវត្ថុបុរាណរបស់កម្ពុជាចូលទៅក្នុងសហរដ្ឋអាមេរិក។
      ស្ថានទូអាមេរិកប្រចាំទីក្រុងភ្នំពេញ បានបង្ហោះសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៩ ខែ មិថុនានេះថា «មជ្ឈមណ្ឌលបេតិកភណ្ឌវប្បធម៌របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បានធ្វើការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅប្រទេសកម្ពុជា ដើម្បីបង្កើតសៀវភៅមគ្គុទេសរូបថត ដើម្បីជួយសមត្ថកិច្ច និងសាធារណជនទូទៅក្នុងការកំណត់វត្ថុវប្បធម៌ ដែលស្ថិតនៅក្រោមការហាមប្រាមមិនឲ្យនាំចូលទៅក្នុងសហរដ្ឋអាមេរិក»។ 

      ស្ថានទូអាមេរិកប្រចាំទីក្រុងភ្នំពេញ បានបញ្ជាក់ថាវត្ថុដែលមាននៅក្នុងសៀវភៅមគ្គុទេសនេះ មិនអាចត្រូវបាននាំចូលទៅក្នុងសហរដ្ឋអាមេរិក ដោយគ្មានឯកសារត្រឹមត្រូវ បានឡើយ។ 
      ការបោះពុម្ភសៀវភៅមគ្គុទេសនេះត្រូវបានទទួលថវិកាពីមូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកសំរាប់ការអភិរក្សវប្បធម៌។ សៀវភៅមគ្គុទេសនេះអាចស្វែងរកនៅក្នុងគេហទំព័រ ow.ly/niD63017VFC។

      សហរដ្ឋអាមេរិកមានការប្តេជ្ញាចិត្តក្នុងការធ្វើការជាមួយក្រុមដៃគូនានា ដើម្បីការពារ និងអភិរក្សប្រាសាទប្រវត្តិសាស្ត្រ ទីតាំង វត្ថុ និងប្រពៃណីបុរាណនៅកម្ពុជានិងជុំវិញពិភពលោក។


Post a Comment

 
Top